ការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកចតុមុខ
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ និង លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះការចុះពិនិត្យវឌ្ឍនភាពការងារ និង ពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកចតុមុខ ជុំទី៤ ឆ្នាំ២០២៥ ។
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងាររួមមាន៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២) ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣) ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង(៤) ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ ។
ក្នុងការចុះពិនិត្យនេះ ក្រុមការងារបានឃើញថាមានភាពប្រសើរឡើង បើធៀបទៅនឹងលទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យបង្អែករាជធានី ជុំទី៣ កន្លងមក កាលពីចុងឆ្នាំ២០២៤ ហើយបញ្ហា ប្រឈមនៅសេសសល់ និងសំណូមពរបន្ថែមនឹងត្រូវ បានបន្តដោះស្រាយជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់។
គួរបញ្ជាក់ផងដែរថា បេសកកម្មនេះមានការ ចូលរួមពី ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំស្រុកប្រតិបត្តិ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកចតុមុខ ។





