ជប៉ុន មិនទទួលយកសំណើអាមេរិក ដែលចង់ឱ្យផ្អាកការនាំចូលឧស្ម័នរុស្ស៉ី (Video inside)
(តូក្យូ)៖ មន្រ្តីរដ្ឋាភិបាលជប៉ុនបានប្រាប់ Reuters នៅថ្ងៃពុធ ទី២៩ ខែតុលាថា អំឡុងជំនួបក្នុងទីក្រុងតូក្យូ លោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi បានប្រាប់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថាការហាមប្រាមនាំចូលឧស្ម័នធម្មជាតិរាវ (LNG) មកពីរុស្ស៉ី នឹងបង្កផលវិបាក។
មន្រ្តីខាងលើបាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា បញ្ហាឧស្ម័ន LNG របស់រុស្ស៉ី ត្រូវបានលើកឡើងអំឡុងជំនួបទ្វេភាគីកាលពីថ្ងៃអង្គារ ហើយលោកស្រី Takaichi បានសុំការយោគយល់ពីលោក ត្រាំ ជុំវិញតម្រូវការផ្នែកថាមពលរបស់ជប៉ុន។ រុស្ស៉ី ជាអ្នកផ្គត់ផ្គង់ឧស្ម័ន LNG ជិត ៩ភាគរយឱ្យជប៉ុន ហើយក្រុមហ៊ុនជប៉ុន Mitsui និងក្រុមហ៊ុន Mitsubishi ក៏មានភាគហ៊ុនក្នុងគម្រោង Sakhalin-2 LNG នៅឯតំំបន់ចុងបូព៌ារបស់រុស្ស៉ីផងដែរ។
គួរបញ្ជាក់ថា មុនដំណើរទស្សនកិច្ចមកកាន់អាស៉ី លោក ត្រាំ ក្នុងសប្តាហ៍នេះ បានជំរុញឱ្យអ្នកទិញថាមពលរបស់រុស្ស៉ី រួមទាំងជប៉ុនផងដែរ បញ្ឈប់ការនាំចូលរបស់ខ្លួន ដើម្បីដាក់សម្ពាធលើមូស្គូបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕


