(កណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ចាប់វ៉ៃខ្នោះពាក់ព័ន្ធករណីដេញវាយក្មួយស្រីនិងគំរាមរកសម្លាប់ ខឹងសុំលុយទៅទិញគ្រឿងញៀនមិនបាន បណ្តាលឲ្យស្ត្រីរងគ្រោះ រងរបួសជាំដៃជើង ត្រង់ផ្ទៃមុខនិងឈឺចុកចាប់ពេញរាងកាយ កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២៦ នៅចំណុចផ្ទះស្ត្រីរងគ្រោះ ស្ថិតនៅក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមមន្ត្រីប៉ុស្តិ៍នគរបាលរកាខ្ពស់បានឲ្យដឹងថាស្ត្រីរងគ្រោះមានឈ្មោះ អឿន ឡៃហៀង អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើត មុខរបរលក់ចាប់ហួយក្នុងទីលំនៅភូមិសង្កាត់កើតហេតុ។
ចំណែកជនសង្ស័យឈ្មោះ អឿន ដារ៉ូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរជាប្អូនប្រុសរបស់ស្ត្រីរងគ្រោះ មុខរបរមិនពិតប្រាកដ (៊និងមានវិជ្ជមាននូវសារធាតុញៀន នៅក្នុងភូមិសង្កាត់កើតហេតុនិងធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០១ឆ្នាំ ក្នុងករណីហិង្សាដោយចេតនា។
ប្រភពបន្តថា តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះ ករណីហិង្សាពីសំណាក់ប្អូនប្រុសដែលជាជនសង្ស័យ គឺចាប់តាំងពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ មកដោយកូនរបស់ស្ត្រីរងគ្រោះបានជិះម៉ូតូទៅយកប្អូននៅផ្ទះរបស់ឪពុកម្តាយខ្លួន នៅខាងដើមភូមិ ក៏ស្រាប់តែជនសង្ស័យជាពូ បានមកសុំលុយពីក្មួយ តែក្មួយប្រុសទាំងពីរគ្មានលុយអោយ ស្រាប់ជនសង្ស័យបានវាយក្មួយប្រុស ជាកូនស្ត្រីរងគ្រោះតែម្តង។
លុះមកដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យក៏បានមកដល់ផ្ទះរបស់បងស្រី ដោយដើរចូលទៅក្នុងផ្ទះយកឥវ៉ាន់ស្រេចនិងចិត្តច្រកដាក់ក្នុងថង់ខ្មៅ រួចបើកទូរដាក់បារីបំរ៉ុងយកទៀត ភ្លាមនោះស្ត្រីរងគ្រោះឃើញទាន់ ក៏ឆក់យកថង់ខ្មៅនោះយកមកវិញ រួចជនសង្ស័យក៏ស្ទុះមកចាប់បោចសក់ជនរងគ្រោះ និងដាល់ បងស្រី០១ដៃទៀត បន្ទាប់មកជនសង្ស័យ ក៏បានចាប់បងស្រីបោកផ្ទុបទៅនឹងធុងក្លាស្សេ និងចាប់បោកត្រូវនិងផើងផ្កាបណ្តាលអោយ មានរបួសស្នាមតែម្តង ហើយស្ត្រីរងគ្រោះ ក៏បានស្រែកហៅបងប្រុសដែលផ្ទះនៅជិតគ្នាជួយ ក៏ត្រូវបានជនសង្ស័យប្រតាយប្រតប់ជាមួយបងប្រុសទៀត ក្រោយមកក៏បានបែកគ្នារៀងៗខ្លួនទៅ។
លុះដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ជនសង្ស័យបានរករឿងអុកឡុកម្តាយឪពុកបន្តទៀត ក៏ត្រូវស្ត្រីរងគ្រោះ តេប្តឹងសមត្ថកិច្ច ដែលកំពង់ល្បាតបានអន្តរាគមន៏ជាក់ស្តែង នូវសកម្មភាពហិង្សារបស់ជនសង្ស័យ និងបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ យកមកសួរនាំ នៅប៉ុស្តិ៍នគរបាលរកាខ្ពស់។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនាទៅលើជនរងគ្រោះ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿង ជាលើកទី២ បញ្ជូនទៅតុលាការ ៕







