រឿងរ៉ាវដ៏ហួសចិត្តនេះបានកើតឡើងនៅខណ្ឌកំបូល រាជធានីភ្នំពេញ ខណៈដែលលោកអធិការរងផ្នែកសន្តិសុខម្នាក់ កំពុងសម្ងំនៅជាមួយស្រីស្នេហ៍យ៉ាងត្រេកត្រអាល។ ពេលឃើញប្រពន្ធ និងសាច់ញាតិមកដល់មុខបន្ទប់ លោកអធិការរងរូបនេះភ័យខ្លាំងពេក ក៏សម្រេចចិត្តហែកពិដាន និងដំបូលផ្ទះជួលរត់គេចខ្លួនបាត់ស្រមោល ទុកឱ្យស្រីស្នេហ៍នៅរងគ្រោះម្នាក់ឯង។
តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធបានឱ្យដឹងថា នេះជាលើកទី២ហើយដែលនាងតាមទាន់ប្តីជាមួយស្រីស្នេហ៍ឈ្មោះ ស្រី ស្រស់។ កាលពីលើកមុន ក៏ធ្លាប់តាមទាន់នៅខេត្តកំពង់ស្ពឺម្តងដែរ ហើយកាលនោះក៏មានការធ្វើកិច្ចសន្យាឈប់ទាក់ទងគ្នា និងសុំមិនឱ្យបង្ហោះហ្វេសប៊ុកព្រោះខ្លាចខ្មាសគេ។ ប៉ុន្តែមិននឹកស្មានថា ប្តីនៅតែលួចលាក់ទាក់ទងគ្នាដដែល រហូតតាមទាន់ជាក់ស្តែងម្តងទៀតបែបនេះ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ប្រទះឡាងបាននាំខ្លួនស្ត្រីជាស្រីស្នេហ៍ទៅធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងគ្នាជាមួយលោកអធិការរងតទៅទៀត។ ចំណែកលោកអធិការខណ្ឌកំបូល ក៏គ្រោងនឹងហៅលោកអធិការរង និងភរិយាមកសម្របសម្រួលគ្នាជាក្រោយផងដែរ។

