កំពង់ស្ពឺ៖ដោយអនុវត្តតាមបទបញ្ជានិងការចង្អុលបង្ហាញតម្រង់ទិសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង០៩.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹងនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់ លោក ជួប វាសនា អតីតយោធិនចូលសោធននិវត្តន៍ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រស់នៅភូមិស្គុះ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣ - ៩វិច្ឆិកា ២០២៦។
ក្នុងពិធីនោះដែរ លោកឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក កោតសរសើរចំពោះ លោក ជួប វាសនា ដែលបានខិតខំតស៊ូប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្ត ទាំងយប់ថ្ងៃ ក្នុងការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក ក្នុងបុព្វហេតុជាតិមាតុភូមិ និងបានជូនពរឲ្យសុខភាពល្អបរិបូណ៍ កម្លាំងពលាំងមាំមួន ប្រកបដោយសេចក្តីសុខ សុភមង្គល គ្រប់ពេលវេលាក្នុងក្រុមគ្រួសារ។ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះ លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានផ្សព្វផ្សាយនូវសារជូនពរ របស់ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេរភូមិន្ទ នាឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៦) ផងដែរ។
លោក ជួប វាសនា និងក្រុមគ្រួសារ ក៏បានសំដែងនូវទឹកចិត្តរំភើបរីករាយ និងអំណរអរគុណ ជូនពរដល់ប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ និងលោកឧត្ដមសេនីយ៍ មេបញ្ជាការ ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថទាំងអស់ សូមឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



