អភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗចំនួន៤របស់ចិន នៅទីក្រុងសៀងហៃ
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំគណៈប្រតិភូទៅពិភាក្សាការងារជាមួយវិនិយោគិន និងតំណាងក្រុមហ៊ុនធំៗចំនួន៤របស់ចិន នៅទីក្រុងសៀងហៃ ចាប់ពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងបង្កើតបណ្តាញទំនាក់ទំនង ផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគ និងទាក់ទាញវិនិយោគិនអន្តរជាតិមកវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។
តំណាងក្រុមហ៊ុនទាំង៤នោះរួមមាន៖
១. តំណាងក្រុមហ៊ុន Shanghai Environmental Protection (Group) co., Ltd. ដែលជាបុត្តសម្ព័ន្ធក្រុមហ៊ុន China Water Investment Group Co., Ltd.។ ក្រុមហ៊ុននេះ ផ្តោតលើការគ្រប់គ្រងប្រតិបត្តិគម្រោងការពារបរិស្ថាន និងការបង្កើតបច្ចេកវិទ្យាថ្មី។ អាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះ គ្របដណ្តប់លើផ្នែកជាច្រើន រួមមាន៖ ការប្រព្រឹត្តកម្មទឹកកខ្វក់ ការប្រើប្រាស់ទឹកឡើងវិញ ការកែច្នៃ និងចាត់ចែងសំណល់រឹង ព្រមទាំងការចែកចាយ ថាមពលថ្មី។
២. តំណាងក្រុមហ៊ុន Huangshi (Group) Dairy Co., Ltd. ដែលជាសហគ្រាសផលិតទឹកដោះគោរួមបញ្ចូលគ្នាឈានមុខគេមួយរបស់ប្រទេសចិន ដែលបានចុះបញ្ជីជាសាធារណៈនៅលើផ្សារហ៊ុន Shenzhen។
៣. តំណាងក្រុមហ៊ុន Shanghai EnSiKai Investment (Group) Co., Ltd. ដែលជារោងចក្រផលិតរថយន្ត និងគ្រឿងចក្រដ៏សំខាន់មួយរបស់ប្រទេសចិន។ ក្រុមហ៊ុននេះផ្តោតលើការវិនិយោគសមធម៌ឧស្សាហកម្ម ការផលិតគ្រឿងម៉ាស៊ីន និងការរួមបញ្ចូលខ្សែសង្វាក់ផ្គត់ផ្គង់ធនធានមូលធនជាមួយនឹងជំនាញបច្ចេកទេស ដើម្បីជំរុញកំណើនឧស្សាហកម្មរយៈពេលវែង។
៤. តំណាងក្រុមហ៊ុន Zhongang Technology Co., Ltd. ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ទូលំទូលាយដែលមានឯកទេសខាងម៉ូតូកង់បីអគ្គិសនី EVs ឧបករណ៍ប្រើប្រាស់ពន្លឺ និងរថយន្តចល័តដែលមានគោលបំណងពិសេស ក្រុមហ៊ុននេះរួមបញ្ចូលការរចនាយានយន្ត ការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការផលិតគ្រឿងបន្លាស់ ក្រោមស្តង់ដាររថយន្តពេញលេញ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានអញ្ជើញចូលរួមក្នុងវេទិកាជួបជុំជាមួយវិនិយោគិន ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបង្កើតបណ្តាញទំនាក់ទំនង ផ្សព្វផ្សាយកាលានុវត្តភាពវិនិយោគ និងទាក់ទាញវិនិយោគិនអន្តរជាតិ មកវិនិយោគនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តព្រះសីហនុ៕


