អភិបាលខេត្តកំពង់ចាម ស្នើឲ្យមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសុរិយោដី ពន្លឿនចែកប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យបានរួចរាល់ត្រឹមដំណាច់ឆ្នាំ២០២៥
កំពង់ចាម÷ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានជំរុញដល់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ផ្តល់សេវាចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋឲ្យបាននៅត្រឹមចុងឆ្នាំ២០២៥ ឲ្យបានរួចរាល់ទាំងស្រុង ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។
ឯកឧត្តម អ៊ុន ចាន់ដា បានប្រសាសន៍បែបនេះ ក្នុងកម្មវិធី បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ចាម ដោយក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ដោយ ឯកឧត្តម ម៉ៅ វិបុល អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី តំណាង ឯកឧត្តម សាយ សំ អាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តម បានស្នើដល់អាជ្ញាធរមូលដ្ឋាន រួសរាន់ ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ រកវិធីដោះស្រាយដោយសន្តិវិធី ចំពោះប្រជាពលរដ្ឋដែលមានទំនោះដីធ្លី ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងឆាប់បានកម្មសិទ្ធិដីធ្លី ហើយក៏ បង្កលក្ខណៈជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបការលំបាក។
ឯកឧត្តម ក៏បានឲ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី មិនទាន់រួសរាល់ ពីព្រោះតែប្រជាពលរដ្ឋមួយចំនួន គាត់បានចំណាក់ស្រុក ដូច្នេះ ទើបបណ្តាលឲ្យការចែកប័ណ្ណកម្មសិទ្ធិ មិនទាន់បានអស់។ ឯកឧត្តម ក៏បានក្រើនរំលឹក ដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី គិតគូរឲ្យបានដិតដល់ ចំពោះ ម្ចាស់អចលនទ្រព្យ វិស្វកម្មករ និងប្រជាពលរដ្ឋ ដែលចង់សាងសង់លំនៅដ្ឋាន បូរី ត្រូវត្រួតពិនិត្យ បច្ចេកទេសគ្រឹះសំណង់ ការសង់អាគារ ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីជៀសវាង ការសាងសង់អាគារហើយ មានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋពេលស្នាក់នៅ។
លើសពីទៅទៀត ឯកឧត្តម ក៏បានណែនាំ ដល់មន្ទីរដែនដីនគរូបនីយកម្ម រៀបចំដីធ្លីសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋដែលក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា ដោះស្រាយផ្តល់ ដីធ្លី ជូនប្រជាពលរដ្ឋ ដើម្បីរួមចំណែក កាត់បន្ថយការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង។






