យោងៈ បទបញ្ជាលេខ ០១បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា
-លិខិតលេខ២៤៦៥ល.ស ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងចំណារ ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តតាកែវ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ជ្រាបថាៈ ទីតាំងអគាររបស់ក្រុមហ៊ុនឈ្មោះ សុភមិត្តរ៉េស៊ីដិន ឯ.ក ដែលមានទីតាំងស្ថិត នៅក្បាលដីលេខ១០២ ផ្លូវលំ ភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី មានផ្ទៃដីចំនួន ៥ហិកតា ឃ្លាំង០១ និងអគារចំនួន ១៣ខ្នង ស្មើនឹង ៣៤៨បន្ទប់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សហការ ជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សម្រេចបិទទីតាំងនេះកាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានលេខាធិការដ្ឋានប្រចាំការ គ.ប.ឆ.ប មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដោយមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ ទុកប្រើប្រាស់ ជាអគារសម្រាប់ឃុំខ្លួនបណ្តោះអាសន្នជនបរទេស ដើម្បីត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ។
អាស្រ័យហេតុនេះ សូមសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជ្រាបជាព័ត៌មាន។

