ខេត្តពោធិសាត់៖ សាលាស្រុកបាកាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នេះ បានសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនិងករណី បុរសម្នាក់ មានឈ្មោះ អាំ អាន ជាភ្នាក់ងារប្រមូលភាស៊ី របស់ភាស៊ីចំណតរថយន្តស្រុកបាកាន ដែលតាំងខ្លួនជាភ្នាក់ងារមានសមត្ថកិច្ចបានធ្វើ ការឃាត់រថយន្តតាក់ស៊ីដែលបានឈប់ដាក់ភ្ញៀវនៅចំណុចផ្លូវបំបែកចូលវត្តបាកាន ខេត្តពោធិ៍សាត់ កាលពីម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានការបង្ហោះវីដេអូផ្សាយផ្ទាល់ របស់គណនី Ta Boom និងមានការចែកចាយបន្តអ្នកនិយមប្រើប្រាស់បណ្តាញសង្គម។
រដ្ឋបាលស្រុកបាកាន យោងសេចក្តីសម្រេចលេខ ០១៥/២៦ ស.ស.រ.ខពស ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត ពោធិ៍សាត់ ស្តីពីការប្រគល់សិទ្ធិធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកានសម្រាប់ឆ្នាំ២០២៦, សៀវភៅបន្ទុកស្តីពីការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកាន ខេត្តពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៦ ។
រដ្ឋបាលស្រុកបាកាន បានធ្វើការបញ្ជាក់ថា៖ ១- កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ មានបុគ្គលម្នាក់តាំងខ្លួនជាភ្នាក់ងារមានសមត្ថកិច្ចបានធ្វើ ការឃាត់រថយន្តតាក់ស៊ីដែលបានឈប់ដាក់ភ្ញៀវនៅចំណុចផ្លូវបំបែកចូលវត្តបាកាន គឺភ្នាក់ងារ ប្រមូលភាស៊ីចំណតរថយន្តស្រុកបាកាន។ ២- ករណីខាងលើនេះ បុគ្គលរូបនេះមិនមែនជាមន្ត្រី និងមិនពាក់ព័ន្ធនិងរដ្ឋបាលស្រុកនោះទេ តែត្រូវ បុគ្គលខាងលើប្រើពាក្យ “រដ្ឋបាលស្រុក" ដើម្បីឱ្យភាគីម្ចាស់រថយន្តដែលឈប់ដាក់មនុស្សបង់ប្រាក់ ចូលអាជីវកម្មភាស៊ីចំណតរថយន្តរបស់ខ្លួន។ ៣- បន្ទាប់ពីទទួលបានការណែនាំផ្ទាល់ និងចេញលិខិតព្រមានជាលាយលក្ខណ៍អក្សររបស់រដ្ឋបាលស្រុក ដល់បុគ្គលខាងលើបានទទួលស្គាល់ និងកែប្រែកំហុស ដោយសន្យាដូចខាងក្រោម៖
- មិនប្រើប្រាស់ពាក្យពេចន៍ដែលនាំឱ្យប៉ះពាល់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងពេលប្រមូលភាស៊ីត្រូវមានពាក្យសម្តី អាកប្បកិរិយាសមរម្យ និងមានឯកសណ្ឋានត្រឹមត្រូវ។
- អនុវត្តតាមតាមសៀវភៅបន្ទុកស្តីពីការធ្វើអាជីវកម្មភាស៊ីចំណតរថយន្តស្រុកបាកាន ខេត្ត ពោធិ៍សាត់ សម្រាប់ឆ្នាំ២០២៦។
រដ្ឋបាលស្រុកបាកាន សំណូមពរ សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសបជាព័ត៌មាន កុំធ្វើការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានខាងលើបន្តទៀត។



