ឪពុកកុមារីអាយុ៦ឆ្នាំដែលបានស្លាប់ ក្រោយព្យាបាលនៅគ្លីនិកឯកជន ផេង សុវណ្ណារ័ត្ន ស្នើឱ្យគ្រូពេទ្យមានការទទួលខុសត្រូវ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន វណ្ណ សំរេច រស្មី បាភ្នំ www.k-vansamrachreaksmeybaphnom.com.kh ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ / Phone 012 835 006 ។​ សូមអរគុណ...!
គេហទំព័រ (www.k-vansamrachreaksmeybaphnom.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឪពុកកុមារីអាយុ៦ឆ្នាំដែលបានស្លាប់ ក្រោយព្យាបាលនៅគ្លីនិកឯកជន ផេង សុវណ្ណារ័ត្ន ស្នើឱ្យគ្រូពេទ្យមានការទទួលខុសត្រូវ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ

 



(ភ្នំពេញ)៖ ក្រោយមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីករណីកុមារីអាយុ៦ឆ្នាំម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបាននាំទៅព្យាបាលនៅគ្លីនិកឯកជន ផេង សុវណ្ណារ័ត្ន ឪពុករបស់កុមារីរងគ្រោះបានបង្ហោះសាររៀបរាប់ពីការឈឺចាប់ និងលើកឡើងពីបញ្ហាទំនួលខុសត្រូវក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ។


តាមរយៈសារដែលឪពុកកុមារីបានសរសេរនៅក្នុងផ្នែកមតិយោបល់ (Comment) លោកបានស្នើដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងគ្រូពេទ្យដែលបើកបន្ទប់ព្យាបាលឯកជន ឱ្យយកចិត្តទុកដាក់លើទំនួលខុសត្រូវ និងគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។


ឪពុកកុមារីបានលើកឡើងថា គ្រូពេទ្យមិនគួរធ្វើការសន្និដ្ឋាន ឬវាយតម្លៃស្ថានភាពជំងឺដោយគ្មានការពិនិត្យឱ្យបានហ្មត់ចត់ និងតាមបច្ចេកទេសត្រឹមត្រូវនោះទេ។ ជាពិសេស ត្រូវមានការពន្យល់ដល់ក្រុមគ្រួសារអ្នកជំងឺឱ្យបានច្បាស់លាស់ អំពីស្ថានភាពជំងឺ ការវិវត្តនៃជំងឺ និងហានិភ័យដែលអាចកើតមាន។


លោកក៏បានសង្កត់ធ្ងន់ថា ឪពុកម្តាយមិនមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រដូចគ្រូពេទ្យឡើយ ដូច្នេះពួកគាត់តែងតែពឹងផ្អែកលើការណែនាំ និងការពន្យល់របស់អ្នកជំនាញ។ ហេតុនេះ គ្រូពេទ្យគួរផ្តល់ព័ត៌មានពិតប្រាកដអំពីស្ថានភាពអ្នកជំងឺ និងណែនាំឱ្យបញ្ជូនទៅមន្ទីរពេទ្យដែលមានសមត្ថភាពព្យាបាលសមស្រប ប្រសិនបើស្ថានភាពជំងឺលើសពីសមត្ថភាពរបស់ខ្លួន។


ឪពុកកុមារីរងគ្រោះបានបង្ហាញការឈឺចាប់ថា គ្មានឪពុកម្តាយណាមិនស្រឡាញ់ និងមិនយកចិត្តទុកដាក់ចំពោះកូនរបស់ខ្លួនឡើយ។ ការនាំកូនទៅរកសេវាព្យាបាល គឺដោយសារក្តីបារម្ភ និងសេចក្តីស្រឡាញ់ ប៉ុន្តែប្រសិនបើមានការខ្វះខាតក្នុងការពិនិត្យ វាយតម្លៃ ឬពន្យល់អំពីស្ថានភាពជំងឺ នោះអាចធ្វើឱ្យគ្រួសារខកខានក្នុងការស្វែងរកជំនួយវេជ្ជសាស្ត្របន្ថែមទាន់ពេលវេលា។


ជាមួយគ្នានេះ លោកក៏បានចោទជាសំណួរថា ប្រសិនបើស្ថានភាពជំងឺមានភាពធ្ងន់ធ្ងរ ហេតុអ្វីមិនមានការណែនាំឱ្យក្រុមគ្រួសារបញ្ជូនកុមារីទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ឬមន្ទីរពេទ្យដែលមានសមត្ថភាពជំនាញសមស្របឱ្យបានទាន់ពេលវេលា ជាជាងរង់ចាំរហូតដល់ស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ទើបមានការបញ្ជូន។


ករណីនេះបានបង្កឱ្យមានការចាប់អារម្មណ៍ពីសំណាក់មហាជន និងបានលើកឡើងនូវសំណួរជាច្រើនពាក់ព័ន្ធនឹងគុណភាពសេវាសុខាភិបាលឯកជន សុវត្ថិភាពអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។


ជុំវិញករណីនេះ មហាជនកំពុងរង់ចាំការបំភ្លឺ និងការស្រាវជ្រាវពីសំណាក់ក្រសួងសុខាភិបាល និងស្ថាប័នមានសមត្ថកិច្ច ដើម្បីស្វែងរកការពិត កំណត់ថាតើមានកំហុសបច្ចេកទេស ឬការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈដែរឬទេ និងធានាបាននូវយុត្តិធម៌សម្រាប់ក្រុមគ្រួសារកុមារីរងគ្រោះ


ក្រោយសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយឈ្មោះ «ផេង សុវណ្ណារ័ត្ន» ស្ថិតភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឪពុកម្ដាយកុមារីរងគ្រោះដាក់ពាក្យបណ្ដឹងចូលអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីស្នើសុំអន្តរាគមន៍ និងចាត់វិធានការតាមផ្លូវច្បាប់ ក្រោយមានការសង្ស័យថា អាចមានភាពធ្វេសប្រហែសក្នុងដំណើរការព្យាបាល៕

Post a Comment (0)
Previous Post Next Post