ព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសិក្សានៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ចូលរួមចំណែកក្នុងការបណ្ដុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសមត្ថភាព មានចំណេះដឹង ចំណេះធ្វើ មានសីលធម៌ល្អ មនសិការវិជ្ជាជីវៈ និងជាទំពាំងស្នងឬស្សីប្រកបដោយភាពសុខដុមរមនាដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ជាពិសេសបានខិតខំបង្ហាត់បង្រៀនក្មួយៗ សិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជារៀង រាល់ឆ្នាំទទួលបានលទ្ធផលជាទីមោទក។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈក្រសួងអប់រំបានយកចិត្តទុកដាក់ និងដាក់ចេញនូវកម្មវិធីផ្សេងៗសំដៅលើកកម្ពស់គុណភាពអប់រំផ្តោតលើការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ និងផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រផែនការសកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខណ្ឌសមិទ្ធកម្មដែលរួមមានសូចនាករគន្លឹះ និងវិធីសាស្ត្រវាស់វែងពង្រឹងគុណភាពអប់រំសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាប្រកបដោយស័ក្តិសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយៈ ១.ការពង្រឹងអភិបាលកិច្ចសាលារៀន ២.ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថសិស្ស ៣.ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា ៤.ជំរុញលើកទឹកចិត្តការចូលរួមរបស់មាតា បិតា អាណាព្យាបាល និងសហគមន៍ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ រដ្ឋបាលខេត្តព្រះសីហនុ បានយកចិត្តទុកដាក់លើវិស័យអប់រំ ព្រមទាំងការអភិវឌ្ឍកុមារ និងយុវជនឱ្យមានសក្ដានុពលពេញលេញខាងផ្លូវកាយ បញ្ញា ចិត្ត និងផ្លូវអារម្មណ៍ ក្លាយជាកូនល្អ មិត្តល្អ សិស្សល្អ ពលរដ្ឋល្អក្នុងសង្គមជាឆ្អឹង ខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ។ រដ្ឋបាលខេត្ត បានយកចិត្តទុកដាក់លើបរិស្ថានសិក្សានៅតាមសាលារៀនក្នុងខេត្ត តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាងសង់ និងជួសជុលអគារសិក្សា និងកែលម្អបណ្ណាល័យ ការរៀបចំទីលានកីឡា ការរៀបចំអាហារដ្ឋាន ចំណត ការបំពាក់សម្ភារៈថ្នាក់មត្តេយ្យ ការរៀបចំសួនជីវៈចម្រុះ និងសួនអំណាន ព្រមទាំងសម្ភារ និងបរិក្ខារពេទ្យនៅក្នុងគ្រឹះស្ថានសិក្សានានាក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង៦ រដ្ឋបាលឃុំ សង្កាត់ទាំង២៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ «ភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម សុខ គាង បានធ្វើការសំណេះសំណាលក្នុងឱកាសបើកបវសនកាលឆ្នាំសិក្សា២០២៥-២០២៦ ព្រមទាំងពាំនាំផ្តាំផ្ញើពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីរដ្ឋក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានយកចិត្តទុកដាក់លើវិស័យអប់រំ ដូច្នេះប្អូនៗត្រូវចេះឆ្ងល់ និងហ៊ានសួរនាំចូលរួមថែរក្សាបរិស្ថាន អនាម័យ ដើម្បីឱ្យសាលារៀនយើងល្អ ។ ទន្ទឹមនោះលោកគ្រូ អ្នកគ្រូត្រូវដើរឱ្យទាន់បច្ចេកវិទ្យា ក្នុងការចាត់ចែងដើម្បីពង្រឹងគុណភាពអប់រំនៅសាលា និងក្នុងខេត្តព្រះសីហនុ ដូច្នេះសហគមន៍ជាម្ចាស់ក្នុងការចូលរួមគ្រប់គ្រងដែលមានក្រសួងអប់រំជាអ្នកដឹកនាំ ហើយអាជ្ញាធរមូលដ្ឋានជាអ្នកដឹកនាំតម្រង់ទិស ប្រសិនបើសាលាយើងបានរៀបចំបានល្អ វាមានការពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព ប្អូនៗត្រូវមានចំណេះដឹង បំណិនជីវិត សុវត្ថិភាពចំណីអាហារឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ៕







































