កណ្តាល ÷ ស្ត្រីជាម្តាយអស់ការស៊ូទ្រាំ និងជនសង្ស័យដែលជាកូនប្រុសបង្កើតខ្លួនឯងលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចអោយឃាត់ខ្លួន កូនប្រុស ដែលប្រើប្រាស់គ្រឿងញៀន និងតែងតែកាន់កាំបិតផ្គាក់ គម្រាមថានឹងសម្លាប់ម្តាយបង្កើតជាច្រើនលើកពេក ដែលហេតុការណ៏ចុងក្រោយ បានកើតឡើងនៅវេលាម៉ោង ០៤និង៣០នាទីទាបភ្លឺថ្ងៃទី០២ខែធ្នូឆ្នាំ២០២៥ នៅក្នុងលំនៅដ្ធានស្ត្រីរងគ្រោះស្ថឹតក្នុងភូមិព្រែកពោធិ៍ ឃុំទឹកវឹល ស្រុកស្អាង ខេត្តកណ្តាល ។
លោកវរសេនីយ៏ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា÷ ស្ត្រីរងគ្រោះ
មានឈ្មោះ សឿន បូរី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ (ត្រូវជាម្ដាយបង្កើត), ចំនែកជនសង្ស័យមានឈ្មោះ អែម ភារ៉ាន់ ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងកាត់សក់(ជាកូនបង្កើត)( វិជ្ជមាននូវសារធាតុញៀន +) មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក និងរស់នៅជាមួយម្តាយ ក្នុងភូមិឃុំកើតហេតុ ។
វត្ថុតាងចាប់យក : កាំបិតផ្គាក់ចំនួន០១ដេីមផ្លែដែកដងធ្វើអំពីឫស្សី
លោកអធិការបានបញ្ជាក់បន្ថែមថា÷ ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំនិងតែងតែគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះ ជាម្តាយ ជាច្រើនលើកមកហើយ លុះនៅវេលាថ្ងៃកើតហេតុចុងក្រោយ ជនរងគ្រោះជាម្តាយ បានភ្ញាក់ពីសម្រានហើយបានបាត់ទូរសព្ទ ក៏បានសួរទៅកូន ដែលជាជនសង្ស័យថា : មានឃេីញទូរស័ព្ទរបស់ម៉ែដែរឬទេ? ក៏ស្រាប់តែជនសង្ស័យខឹងច្រឡោត ហើយបានស្រែកឡូឡានិងបានទាញយកកាំបិតផ្គាក់មកគំរាមកំហែងរកកាប់សម្លាប់ស្ត្រីជាម្តាយ ដោយទង្វើរបស់កូនប្រុសមិនអាចស៊ូទ្រាំតទៅទៀតបាន ស្ត្រីរងគ្រោះជាម្តាយ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល។
ក្រោយទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ច ក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបញ្ជូនមក អធិការដ្ធាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕





