នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក អុី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ បានអញ្ជើញអមដំណើរ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យហ៊ុនសែនព្រៃនប់ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោកជំទាវ ឃុន រចនា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានរួមគ្នាលើកកម្ពស់គុណភាពអប់រំ និងបង្កើតបរិយាកាសសិក្សាប្រកបដោយវិន័យ សណ្តាប់ធ្នាប់ និងប្រសិទ្ធភាព។
ជាមួយគ្នានេះ លោកជំទាវ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឱ្យបន្តខិតខំសិក្សារៀនសូត្រ គោរពវិន័យ សីលធម៌ និងអនុវត្តខ្លួនជាពលរដ្ឋល្អ ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់ចូលរួមអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត។
ក្នុងឱកាសនោះផងដែរ លោកជំទាវ ឃុន រចនា បាននាំយកថវិកាលើកទឹកចិត្ត ប្រគល់ជូនដល់លោកគ្រូបង្រៀនបំប៉ន ដើម្បីជាការលើកទឹកចិត្ត និងជំរុញឱ្យបន្តបំពេញភារកិច្ចក្នុងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសិស្សានុសិស្សឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
កម្មវិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីលើកទឹកចិត្ត ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះវិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅមូលដ្ឋាន។







